សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ចំនួន ៩ចំណុច ដើម្បីជំរុញការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានទឹក-ឧតុនិយម និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៩ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្តបន្ត ដើម្បីជំរុញការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានទឹក-ឧតុនិយម និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។
ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
អនុសាសន៍ទាំង ៩ចំណុចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញរួមមាន៖
ទី១៖ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន ដោយកសាង និងលើកកម្ពស់មូលធនមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស, ការប្រើប្រាស់បច្ចេកវិទ្យាទំនើប, ការលើកទឹកចិត្ត និង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកតាមអាងទន្លេ និងអាងស្ទឹង ដោយឈរលើគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ ។
ទី២៖ សូមលើកទឹកចិត្តដល់ក្រសួងធនធានទឹក និងឧតុនិយម ពន្លឿនការរៀបចំនីតិវិធី និង ស្នើសុំអនុម័តអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹក, អនុក្រឹត្យស្តីពីគុណភាពទឹក និង បទប្បញ្ញត្តិនានា ដែលចាំបាច់ដើម្បីអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ។
ទី៣. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការ ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និង ជំរុញបញ្ចប់ការធ្វើ បច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់២ និង តំបន់៣ នៃតំបន់ទន្លេសាប និង ធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។
ទី៤៖ ក្រសួងធនធានទឹក និង ឧតុនិយម និង ស្ថាប័នក្រោមឱវាទ ត្រូវបន្តអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារទឹកប្រកបដោយគុណភាព និងការពង្រឹង ប្រសិទ្ធភាពព្យាករទឹកជំនន់ និងធាតុអាកាស។
ទី៥៖ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកប ដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានាបាននូវ ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និងសម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
ទី៦៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានកាន់តែមានប្រសិទ្ធភាពជាមួយក្រសួង-ស្ថាប័ន ព្រមទាំងជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លមេគង្គ, ដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ដើម្បីសម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយចីរភាពធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ ។
ទី៧៖ សូមលើកទឹកចិត្តឱ្យក្រសួងធនធានទឹក និង ឧតុនិយម បន្តកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីលទ្ធភាពថវិកាសម្រាប់ការកសាង និងការជួសជុលថែទាំ សំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍ និងស្ថាប័នផ្តល់ជំនួយនានា ដើម្បីកៀរគរថវិកា សម្រាប់គាំទ្រដល់ការគ្រប់គ្រង, ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ។
ទី៨៖ បន្ថែមលើសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ក្នុងការកសាងប្រព័ន្ធធនធានទឹក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមលើ ការពង្រឹងជំនាញទន់ (Soft Skills) និងការកសាងសមត្ថភាពក្នុងការព្យាករអាកាសធាតុ ប្រមូលចងក្រងឯកសារ ទិន្នន័យឧតុនិយម និងជលសាស្ត្រ បម្រើដល់វិស័យនានា ឱ្យកាន់តែមានភាព សុក្រឹត បន្ថែមទៀត។
ទី៩៖ តាមការព្រមានជាមុន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹង ឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និងបាតុភូតឧតុនិយមអែលនីណូ (El Nino) ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះមានភ្លៀងច្រើនពេក និងកន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំងជាដើម។ ក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀមដោះស្រាយបញ្ហានានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្ម និង ការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
សម្តេចបានលើកទឹកចិត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំអនុវត្តន៍ឱ្យបានកាន់តែប្រសើរ នូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានមនសិការ វិជ្ជាជីវៈ និងការច្នៃប្រឌិតខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត៕
ប្រភព៖ FRESH NEWS