សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីតួនាទីនិងភារកិច្ចចម្បងចំនួន៦ចំណុច របស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព)

ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅក្នុងកិច្ចប្រជុំបើក និងពេញអង្គលើកទី១ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មហៅកាត់ថា (គ.ផ.គ.ព) កាលពីថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទី និងភារកិច្ចចម្បងរបស់ គ.ផ.គ.ព ចំនួន ៦ ចំណុច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបើក និងពេញអង្គលើកទី១ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) បានឱ្យដឹងថា គោលបំណងនិងភាពចាំបាច់នៃការបង្កើត គ.ផ.គ.ព ដើម្បីដើរតួនាទីជាសេនាធិការប្រឹក្សាយោបល់របស់រាជរដ្ឋាភិបាលដែលមានតួនាទីសំខាន់ក្នុងការផ្តល់យោបល់លើការអភិវឌ្ឍន៍ និងការអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការលើកកម្ពស់កំណើនសេដ្ឋកិច្ច-សង្គមនៅប្រទេសកម្ពុជាប្រកបដោយចីរភាព ដ៏ដូចជាបន្តចូលរួមធ្វើឱ្យមានសមាហរណកម្មកាន់តែស៊ីជម្រៅនៅក្នុងតំបន់ និងសេដ្ឋកិច្ចសកលលោក។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៀតនូវតួនាទី និងភារកិច្ចចម្បងរបស់ គ.ផ.គ.ព ក្នុងនោះរួមមាន៖
១- ពិនិត្យមើលលើភាពខ្លាំង និងខ្សោយនៃគោលនយោបាយពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានារបស់ប្រទេសកម្ពុជាដោយផ្តោតលើប្រសិទ្ធភាពនៃការអនុវត្ត និងភាពដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍរបស់ប្រទេសកម្ពុជា
២- រៀបចំជំនួយស្មារតីលើផ្នែកគោលនយោបាយពាណិជ្ជកម្ម សក្តានុពលពាណិជ្ជកម្មទាំងទំនិញ និងសេវាអាទិភាព
៣- ផ្តល់ចំណុចសំខាន់ៗពាក់ព័ន្ធវិស័យពាណិជ្ជកម្មរបស់ប្រទេសឬតំបន់ដែលប្រមុខរាជរដ្ឋាភិបាលត្រូវធ្វើដំណើរទស្សនកិច្ច
៤- លើកយោបល់អំពីទីផ្សារនាំចេញ ឬដៃគូពាណិជ្ជកម្មសក្តានុពលដែលកម្ពុជាគួរចរចាក្នុងកម្រិតទ្វេរភាគី និងពហុភាគីដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
៥- តាមដានការវិវត្តន៍នៃស្ថានភាពភូមិសាស្រ្តនយោបាយ ក៏ដូចជាការប្រែប្រួលនៃគោលនយោបាយសេដ្ឋកិច្ច និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក
៦- ធ្វើការវាយតម្លៃលើសមត្ថភាពឧស្សាហកម្មក្នុងស្រុក ដើម្បីផលិតទំនិញអាទិភាពសម្រាប់ការនាំចេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា តួនាទី និងភារកិច្ចខាងលើនេះទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសមាជិកទាំងអស់នៃគណៈកម្មាធិការ ដើម្បីធានាឱ្យបាននូវគោលនយោបាយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ។ បន្ថែមពីលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តមានកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដោយហេតុថា កិច្ចសហការនេះគឺជាកត្តាសារវ័ន្តក្នុងការអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបទៅដោយប្រសិទ្ធភាព៕

បញ្ចេញមតិ
អត្ថបទទាក់ទង