រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយមានការចុះផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថាកំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយមានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់
ក្រោយមានការចុះផ្សាយព័ត៌មានមិនពិត ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថាកំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់ ពេលនេះរដ្ឋបាលខេត្ដព្រះវិហារចេញសេចក្ដីប្រកាសព័ត៌មានហើយ។
តាមរយៈការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដព្រះវិហារ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រោយពីមានការចុះផ្សាយបែបនេះ អាជ្ញាធរស្រុកគូលែនបានចុះទៅដល់ទីតាំងដែលព័ត៌មានមួយចំនួនអះអាងថាមានប្រជាពលរដ្ឋមួយចំនួនតូចរត់គេចខ្លួននៅទីនោះ ប៉ុន្ដែអាជ្ញាធរពុំបានរកឃើញនរណាម្នាក់ដូចការចុះផ្សាយនោះឡើយ។
រដ្ឋបាលខេត្តព្រះវិហារ ក៏សូមធ្វើការអំពាវនាវជាលើកទី៣ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមបងប្អូនវិលត្រលប់មកភូមិឋានខ្លួនវិញ អជ្ញាធរនិងពុំយកទោសពៃនោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុបបម្រុង។
អាជ្ញាធរក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកបងប្អូនដើម្បីកេងចំណេញនយោបាយ។ មានតែអាជ្ញាធរដែនដីទេដែលអាចជួយបងប្អូនពិតប្រាកដ៕
![](https://tithsothea.net/wp-content/uploads/2024/04/image-49-731x1024.png)