សភាប្រើភាសាបារាំង(APF) ចេញសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
សភាប្រើភាសាបារាំងបានប្រជុំពេញអង្គនៅរដ្ឋធានីឃុនដេ (កាមេរូន) នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មការនយោបាយនិងបានចេញសេចក្តីសម្រេចចិត្តអំពាវនាវឱ្យមានការគោរពអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការគោរពតាមការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តភាពនៅតាមបណ្តោយព្រំដែននិងការជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីសម្រេចចិត្តនោះក៏បានអំពាវនាវឱ្យមានការគោរពបទឈប់បាញ់និងការអនុវត្តកិច្ចព្រម ព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
លើសពីនេះ សេចក្តីសម្រេចចិត្តក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹងនិងសកម្មភាពនានាដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយប្រទេសថៃ ជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលនិងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើម ក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ និងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិលក៏ដូចជាការប៉ះពាល់ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលជាកេរមរតករួមរបស់មនុស្សជាតិ តាមរបៀបមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែងនិងការផ្សះផ្សាជាតិ។
នៅក្នុងសេចក្តីសម្រេចចិត្តក៏បានគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុតតាមរយៈយន្តការទ្វេភាគីទាំងអស់ដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃកិច្ចសន្ទនានិងការគោរពច្បាប់អន្តរជាតិ និងគាំទ្រការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដោយផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកលើអធិបតេយ្យ បូរណភាពទឹកដីនិងភាពមិន អាចរំលោភបាននៃព្រំដែន ក៏ដូចជាការខណ្ឌសីមាព្រំដែន អនុលោមតាមក្របខ័ណ្ឌគតិយុត្តដែលបានកំណត់ដោយលិខិតុបករណ៍អន្តរជាតិ៕




