ស្នាមញញឹមថ្មីរបស់អ្នករត់កាណូតចុងឃ្នៀសទទួលបានភាគលាភបន្ថែមត្រូវរក្សាទុកជាអចិន្ត្រៃយ៍
យោងតាមការបង្ហោះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងថា ក្រោយពីត្រឡប់មកពីប្រជុំនៅសហព័ន្ធរុស្សី ខ្ញុំបានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។
នៅក្នុងដំណើរកម្សាន្តនោះ ខ្ញុំក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឱ្យដំឡើងភាគលាភសម្រាប់ ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ជាការឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ ខ្ញុំបានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
អ្វីជាការស្នើសុំរបស់ខ្ញុំគឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ៕





