កិច្ចប្រជុំលើកទី២រវាងនគរបាលជាតិកម្ពុជានិងគណៈប្រតិភូថៃដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិ្កការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានលើកពេល
កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជានិងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិ្កការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងជួញដូរមនុស្ស ត្រូវបានលើកពេលដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ។ បច្ចុប្បន្នភាគីកម្ពុជាកំពុងរង់ចាំលិខិតជូនដំណឹងជាផ្លូវការពីភាគីថៃ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈប្រតិភូកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ផ្អែកតាមកំណត់ហេតុកិច្ចប្រជុំលើកទី១ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរនឹងបន្តជួបគ្នាលើកទី២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើខ្លឹមសារព្រាងនៃផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។
ភាគីទាំងពីរបានឯកភាពគ្នាយកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលកំណត់ជួបគ្នាលើកទី២ ក្នុងនោះដែរភាគីកម្ពុជាបានត្រៀមរួចរាល់ទាំងការទំនាក់ទំនងអញ្ជើញភាគីថៃ ខ្លឹមសារ និងទីកន្លែង ប៉ុន្តែនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានជូនដំណឹងក្រៅផ្លូវការតាមរយៈអនុព័ន្ធនគរបាលភូមិន្ទថៃអមស្ថានទូតប្រចាំក្រុងភ្នំពេញពីការលើកពេលប្រជុំនេះ៕
