ព័ត៌មានពីផ្ទៃក្នុងថៃ៖ មេយោធាភូមិភាគ២ និងឧត្តមសេនីយ៍យោធា នឹងកោះប្រជុំនៅថ្ងៃទី១៥ សីហាខាងមុខ ដើម្បីគិតគូររកលេសសមស្របទម្លាក់កំហុសលើកម្ពុជារឿងបង្កប់គ្រាប់មីន
(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារនៅក្នុងប្រទេសថៃដែលគួរឱ្យជឿទុកចិត្តបាន បានឱ្យដឹងអំពីផែនការឧបាយកលបង្កជម្លោះរបស់កងទ័ពថៃ ដើម្បីយកលេសបើកការវាយលុកសងសឹកចូលបូរណភាពទឹកដីកម្ពុជាសាជាថ្មី។ ក្នុងការរៀបចំផែនការនេះ មេយោធភូមិភាគ២ របស់ថៃលោកឧត្តមសេនីយ៍ ប៊ុនស៉ីន ផាត់ខ្លាំង និងបណ្តាអនុប្រធានរបស់យោធាថៃ នឹងមានការបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាពេលខាងមុខ ដើម្បីគិតគូរនិងបង្កើតលេសសមស្របមួយដែលអាចជាភាពអាចជឿជាក់បានថា «កម្ពុជាបាននិងកំពុងយកការលបកប់គ្រាប់មីន» ដែលពួកថៃជាអ្នកបង្កើតឡើង។
យោងតាមប្រភពព័ត៌មានដដែល, នៅក្នុងសកម្មភាពនេះ ក្រុមជំនាញដោះមីនរបស់យោធាថៃនិងស្រាវជ្រាវរកគ្រាប់មីនចាស់ៗ ដែលមិនទាន់ផ្ទុះក្នុងដីខ្មែរ យកទៅកែឆ្នៃបង្កប់ក្នុងទឹកដីថៃដោយកងទ័ពថៃដែលនឹងត្រូវពាក់ឯកសណ្ឋានកងទ័ពកម្ពុជាដែលពួកគេប្រមូលទិញពីផ្សាររ៉ុងក្លឿ នាពេលកន្លងមកដើម្បីប្រើប្រាស់បន្លំជាទាហានកម្ពុជាដូចជាទាហានថៃបន្លំពាក់ឯកសណ្ឋានទាហានកម្ពុជាដើម្បីបាញ់ចំពាមកៅស៊ូ យកទៅពាក់សពទាហានថៃកាឡៃថាសពទាហានកម្ពុជា និងធ្វើសកម្មភាពផ្សេងទៀតដើម្បីចោទមកលើទាហានកម្ពុជា។ ក្រោយពីរៀបចំផែនការលួចបង្កប់មីនដោយខ្លួនឯងនេះរួច ពួកគេនឹងធ្វើឱ្យមានការផ្ទុះមីនជារៀងរាល់ថ្ងៃ ដើម្បីដាក់ការចោទប្រកាន់ថា កម្ពុជាជាអ្នកប្រព្រឹត្ត។ ក្នុងទិដ្ឋភាពនេះ កងទ័ពថៃនឹងនាំអ្នកសង្កេតការណ៍ដែលជាប្រទេសសមាជិកនៃអនុសញ្ញាអូតាវ៉ា (Ottawa Convention) ឱ្យចូលរួមដើម្បីពិនិត្យមើល និងជាភស្តុតាង ហើយនិងធ្វើការចោទប្រកាន់ត្រង់មកទាហានកម្ពុជាចំៗតែម្តងថាបានលួចដាក់គ្រាប់មីនថ្មីៗ។ បន្តពីនេះទៀត ពួកទាហានថៃនឹងរង់ចាំឱកាសលទ្ធផលនៃការប្រជុំ RBC ពេលខាងមុខ បរាជ័យ ថៃនឹងបើកការវាយលុកកម្ពុជាតែម្តង ដោយយកហេតុផលប្រឌិតថា កម្ពុជារំលោភបទឈប់បាញ់ដោយបានបង្កប់គ្រាប់មីន។
ប្រភពព័ត៌មានដដែលបានបង្ហាញនូវក្តីអាណិតជាពន់ពេកចំពោះប្រទេសកម្ពុជា និងកងទ័ពកម្ពុជាដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធីបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប៉ុន្តែត្រូវបានកងទ័ពថៃរំលោភបំពាន មួលបង្កាច់ និងបង្កហេតុទម្លាក់កំហុសមកលើរហូត។
ប្រភពព័ត៌មាននេះ ក៏បានអំពាវនាវដល់ប្រទេសមហាអំណាច និងបណ្តាប្រទេសអាស៊ាន ក្នុងនោះរួមមានប្រទេសម៉ាឡេស៊ី ដែលមានផ្កាយរណបជួយពិនិត្យលើសកម្មភាពកងទ័ពនៃប្រទេសទាំងពីរនៅតាមព្រំដែន ពិនិត្យមើលថាតើនរណាជាអ្នកដាក់មីនពិតប្រាកដ បន្ថែមពីលើអ្នកសង្កេតការណ៍អន្តរជាតិដើម្បីអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រោះមានការក្លែងបន្លំនៃគ្រាប់មីន និងម្យ៉ាងទៀត គ្រាប់មីនទាំងនេះមិនមែនជាមីនផ្តាច់មុខ ផលិតដោយកម្ពុជានោះទេ ប៉ុន្តែអាចរកទិញនៅកន្លែងណាក៏បានដែរ។ ជាមួយគ្នានេះ ចំពោះការក្លែងខ្លួនជាកងកម្លាំងកងទ័ពកម្ពុជា និងពាក់ឯកសណ្ឋានកងទ័ពកម្ពុជាគឺគេអាចធ្វើបាន ព្រោះទាហានកម្ពុជាគោរពបានយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ រហូតកងទ័ពថៃចូលមកចាប់នៅក្នុងបន្ទាយ ដោយមិនបានតដៃ ដោយសារតែចង់បានដំណោះស្រាយដោយសន្តិវិធី។






