ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការ​​គណៈរដ្ឋមន្រ្តី

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា និងផ្តល់នូវទស្សនាទាន​និងអនុសាសន៍ដឹកនាំ ក្នុងគោលដៅពង្រឹង​និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព សមិទ្ធកម្មការងារ​ ក្នុងនាមជាសេនាធិការ​របស់នាយករដ្ឋមន្ត្រី​និងគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពី​ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តម​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា និងគណៈកម្មាធិការ, អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាន​នាយកដ្ឋាន ព្រមទាំង​ថ្នាក់ដឹកនាំអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណនិងផ្ដល់មូលវិចារខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំបំពេញ​ការងារប្រកបដោយស្មារតីបុរេសកម្ម ទទួលខុសត្រូវ និងសាមគ្គីផ្ទៃក្នុងខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ទាំងទិដ្ឋភាពបច្ចេកទេស នយោបាយ និងរដ្ឋបាល ជាពិសេសលទ្ធផលជោគជ័យ​នៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​ការងារសម្រាប់ឆ្នាំ២០២៥ ដែលជា​ការជួបជុំគ្នាជាមហាគ្រួសារមួយដ៏ធំមិនធ្លាប់​មានពីមុនមករបស់ទីស្ដីការគណៈ​រដ្ឋមន្រ្តី ហើយថ្មីៗនេះបានប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋា​ភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនភាពនិងសមិទ្ធផលដែលសម្រេចបាន​ គឺបានឆ្លុះ​បញ្ចាំងពី «ការចាប់ផ្ដើមដ៏រឹងមាំ ការបោះជំហានមួយៗ ខ្លីៗ តែរឹងមាំ» និងបានបង្ហាញពីការចូលរួមរបស់ថ្នាក់ដឹកនាំ​និង​មន្ត្រី​​រាជការទាំងអស់ជាកម្លាំងឯកភាពមួយ ដើរលើផ្លូវត្រូវ ផ្លូវតែមួយ គោលដៅតែមួយដោយឈរលើ​អភិក្រម «ទៅមុខ​​ទាំងអស់គ្នា រស់ទាំងអស់គ្នា ប្រកបដោយបរិយាបន្ន»ក្នុងកិច្ចការបម្រើនាយក​រដ្ឋមន្ត្រីនិងគណៈ​រដ្ឋមន្ត្រី ក៏ដូចជាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន​ទាំងមូល។

បន្ទាប់មក អង្គប្រជុំបានធ្វើការ​ពិភាក្សាលើរបៀបវារៈ រួមមាន៖ ការរៀបចំកម្មវិធីនវានុវត្តន៍របស់ទីស្ដីការ
គណៈ​​រដ្ឋមន្ត្រី, ក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការ​គណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ, ការរៀបចំ​អង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច​, ការធ្វើបច្ចុប្បន្នភាព​​​រចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីរាជការ និងការពង្រឹងប្រសិទ្ធភាពកិច្ចប្រជុំតាមនីតិវិធីនៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្តល់ការណែនាំនិងអនុសាសន៍​មួយចំនួនពាក់ព័ន្ធការងាររៀបចំកម្មវិធីនវានុវត្តន៍ទីស្ដីការគណៈ​​រដ្ឋមន្ត្រី និងក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ ហើយកិច្ចការនេះត្រូវផ្អែក​លើ​ «ផែនការយុទ្ធសាស្ត្រ
ទីស្ដីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវ​ស្ដីពីការជំរុញបរិវត្តកម្ម​ឌីជីថលនៃទីស្ដីការ
គណៈរដ្ឋមន្ត្រី ២០២៤-២០២៨»។ ដោយឡែក ចំពោះការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ គឺត្រូវអនុវត្តស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យរៀបចំគោលការណ៍ណែនាំផ្ទៃក្នុងពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធទីស្ដីការ​គណៈរដ្ឋមន្រ្តី ដោយឈរលើគោលការណ៍គុណាធិបតេយ្យ​ និងគុណតម្លៃនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងការរៀបចំយន្តការនិងលិខិតបទដ្ឋានពាក់ព័ន្ធនឹង​ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់មតិយោបល់លើសេចក្ដីព្រាងច្បាប់និងលិខិត​បទដ្ឋានគតិយុត្ត ដែលឆ្លងតាមយន្តការទីស្ដីការ​គណៈរដ្ឋមន្ត្រី និងការរៀបចំសេចក្ដីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានបញ្ជាក់បន្ថែមថា ទីស្តីការគណៈរដ្ឋមន្រ្តី​​បាននិង​កំពុងអនុវត្ត​នូវការដ្ឋាន​កែទម្រង់ជាច្រើនពាក់ព័ន្ធការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្ដោតពិសេសលើការពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍ​ស្ថាប័ន និងមូលធនមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី បន្តត្រៀមសហការ និងចូលរួម​ក្នុងការអនុវត្តការកែទម្រង់នេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់នូវការលើកទឹកចិត្តឱ្យបន្តខិតខំអនុវត្ត​ការងារដោយប្រកាន់ខ្ជាប់នូវអភិក្រមការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវជោគជ័យបន្ថែមទៀត​ និងទទួលបានទំនុកចិត្តពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រី។

បញ្ចេញមតិ
អត្ថបទទាក់ទង