សម្តេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិនៃការអប់រំបណ្តុះបណ្តាលកូនៗរបស់សម្តេច រហូតទទួលបានលទ្ធផលដូចពេលនេះ

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានរំលឹកពីប្រវត្តិនៃការអប់រំបណ្តុះបណ្តាលកូនៗរបស់សម្តេច ដោយម៉ត់ចត់ តឹងរ៉ឹង ប្រកបដោយវិន័យ ទើបអាចទទួលបានលទ្ធផលដូចពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារដូចតទៅ៖ «ពេជ្រកំពុងច្នៃ និងពេជ្រកែច្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែបគឺដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត។
រូបថតប៉ុន្មានសន្លឹកនេះ បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ។ ទោះពួកកូន ជាកូននាយករដ្ឋមន្ត្រី តែពួកកូនមិនមានម៉ូតូឬឡានជិះទេ ពួកកូន ត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះ ព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះ តែពុក ចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលកូនណាមួយមានកំហុស ពួកកូនត្រូវជាប់វិន័យទាំងអស់គ្នា ដោយអង្គុយអានសៀវភៅទាំងអស់គ្នា ព្រោះពុកចង់ឲ្យពួកកូន ចេះជួយដាស់តឿនគ្នា សាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុក ទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹក ដែលពុកចាំជាងគេនៅបារាំងសម្រាប់ ម៉ានិត ម៉ានី ម៉ាលី គឺ (ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គា និងសុខហ៊ា និងចាយលុយលើស 100France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។ ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែ ម៉ាណែត ពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រ ត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ) ទាំងនៅបារាំង ទាំងនៅអាមេរិក សុទ្ធមានការកំណត់ម៉ោងត្រូវចូលគេង និងត្រូវបិទភ្លើង បិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពុកម៉ែអរគុណកូនៗដែលជាង២០ឆ្នាំមុន បាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិត និយាយថាប្រាប់ទាំងអស់គ្នាថា (ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។ ពិតមែនតែពេលនេះ ពួកកូន មានប្រពន្ធ មានប្តី និងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។ ពុកម៉ែ ចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែ តាមរបៀបពុកម៉ែតទៅទៀត ពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សិលធម៌ ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារមិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែ ជាចៅល្អហើយ តែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕

បញ្ចេញមតិ
អត្ថបទទាក់ទង