ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារថ្មី
រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញអមដំណើរ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) លើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមអមដំណើរដោយឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង យូ អ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងលោក-លោកស្រីប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
គូសបញ្ជក់ផងដែរ ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival នេះបង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival។ ក្នុងនោះ លោកអ្នក មិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា (ផ្លូវអាកាស) ទៀតឡើយ៕