សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរ ព្រះមហាក្សត្រ នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៦ យាងចូល ៦៧ព្រះវស្សា
យោងតាមលិខិតទូលថ្វាយព្រះមហាក្សត្រនាឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ព្រះជន្មាយុ ៦៦ យាងចូល ៦៧ព្រះវស្សា របស់ ព្រះករុណា ព្រះបាទ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយថា៖ ទូលព្រះបង្គំជាខ្ញុំ នាយករដ្ឋមន្រ្ដី ហ៊ុន សែន សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្ត្រ ជាកូនចៅរបស់ព្រះអង្គ រស់នៅក្នុងសេចក្ដីសុខក្សេមក្សាន្ត ឆ្ពោះទៅកាន់វឌ្ឍនភាពជានិច្ចនិរន្តរ៍ និងចម្រុងចម្រើនថ្កុំថ្កើនទូទាំង ព្រះនគរតរៀងទៅ។
សម្តេចតេជោ បានទូលថ្វាយបន្ថែមថា ជាថ្មីម្ដងទៀតក្នុងឱកាសដ៏មហាជ័យមង្គលនេះ ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ ជាពិសេសព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ ៕