ពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសក្រុមអគតិជ្រុលនិយមប្រឌិតព័ត៌មានពាក់ព័ន្ធបញ្ហារថយន្តអគ្គិសនី

ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្កុំអង្គការសមាគមសង្គមស៊ីវិល ដែលភាគច្រើនជាអ្នកប្រកបរបរវិស័យដឹកជញ្ចូន (PassApp) រត់ម៉ូតូឌុប ម្ចាស់អាជីករ អ្នកលក់ដូរ កម្មករជាដើម នៅថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងសម្តែងការសោយស្តាយ ចំពោះជនអគតិជ្រុលនិយមដែលតែងតែប្រឌិតបង្កើតព័ត៌មានកន្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុងន័យកេងចំណេញនយោបាយរបស់ពួកគេហើយវាយប្រហារមកលើរាជរដ្ឋាភិបាល។

​យោងតាមសារសំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ បានបញាក់យ៉ាងច្បាស់ម្តងទៀតថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីបែបនេះ គឺបន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថា មានមនុស្សមួយក្រុម កំពុងកៀងគរអ្នករត់ម៉ុតូឌុប និងកង់បីឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋភិបាល ដោយយកលេសថា រដ្ឋភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនីចរាចរណ៍វិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះសម្ដេចធិបតីក៏បានព្រមានផងដែរចំពោះការប្រឌិតព័ត៌មានទៅក្រឡៃ ក្នុងន័យអវិជ្ជមាននឹងត្រូវប្រឈមមុខច្បាប់ដោយពុំមានការលើកលែង។

ស្របពេលជាមួយគ្នានេះប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្កុំអង្គការសមាគមសង្គមស៊ីវិលទាំងអស់គ្នាជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាសោកស្តាយ ចំពោះជនជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបង្កើតព័ត៌មានបំពុលសង្គម បំភ័ន្ត បំផ្លើស ព័ត៌មាន ដើម្បីកេងចំណេញនយោបាយទៅវិញ ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ រាជរដ្ឋាភិបាលកំពុងខិតខំធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការរីកចម្រើនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។

ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់យ៉ាងច្បាស់ថា នយោបាយខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមជនអគតិមួយក្ដាប់តូច គឺជាជំងឺសង្គមដែលត្រូវរួមគ្នាកម្ចាត់ចោល។ ប្រជាពលរដ្ឋបានថ្កោលយ៉ាងដាច់អហង្ការចំពោះជនជ្រុលនិយមបំពុលសង្គមទាំងនោះ ហើយប្ដេជ្ញាចូលរួម ពួតដៃគ្នា សាមគ្គីគ្នា ស្នេហាជាតិ មានស្មារតីជាតិនិយមកាន់តែខ្លាំងឡើង និងទប់ស្កាត់មិនឱ្យជនណាក្រុមណាមកបង្កើតព័ត៌មានធ្វើឱ្យមានភាពវឹកវរនៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។

ក្នុងឱកាសនោះពលរដ្ឋប្រកបរបរនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា បានអំពាវនាវដល់មហាជនខ្មែររួមសាមគ្គីគ្នា បណ្តុះមនិសិកា ស្នេហាជាតិឱ្យកាន់តែរឹងមាំ ពិសេសសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីរូបភាពកេងចំណេញនយោបាយដែលចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕

ប្រភព៖ BAYON Radio

បញ្ចេញមតិ
អត្ថបទទាក់ទង