ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាហូរហែ ចូលទស្សនាប្រាសាទអង្គរវត្តដ៏អច្ឆរិយៈរបស់កម្ពុជា
(សៀមរាប)៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានចូលទស្សនាប្រាសាទអង្គរវត្ត មានជាឯកជន គ្រួសារ មិត្តភក្តិ និងខ្លះមានមគ្គុទ្ទេសក៍អធិប្បាយ រឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម និងថតផ្តិតរូបភាពផង មុននឹងបន្តដំណើរទៅទស្សនានៅតាមប្រាង្គប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗ ជាច្រើនទៀត។
រូបថត និងវីដេអូទាំងអស់នេះ ត្រូវបានភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ប្រចាំការនៅខេត្តសៀមរាប ចុះថតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។
សូមជម្រាបថា បើតាមគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរអន្តរជាតិ ៥២៧ ៥០៨ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
នៅឆមាសទី១ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥២១ ៩៥០នាក់ កើន៣៥.៣០% និងទទួលបានចំណូល ២៤ ៣៥៧ ៦៩៥ដុល្លារអាមេរិក កើនឡើង៣៦.២៤% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣៕
ប្រភព៖ FRESH NEWS