ដោយសារបាតុភូតអែលនីណូ (El Nino) និងរដូវវស្សាចូលមកយឺត ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំ ៥ចំណុច ដល់មន្រ្តីខ្លួនក្នុងការចុះជួយអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ
ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនក្នុងតំបន់ បាននិងកំពុងទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ (El Nino) ដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានជាច្រើនដូចជា គ្រោះរាំងស្ងួតដោយសារធាតុអាកាសមានសភាពក្ដៅហួតហែងខ្លាំង រដូវវស្សាឈានមកដល់យឺតខុសប្រក្រតី និងទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ជាហេតុបណ្ដាលឱ្យតំបន់មួយចំនួនរងនូវការខ្វះខាតទឹកប្រើប្រាស់និងបរិភោគប្រចាំថ្ងៃ។
នៅក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំចំនួន៥ចំណុច ដល់មន្ត្រីក្រោមឱវាទខ្លួនដូចខាងក្រោម៖
១- ត្រូវចាត់មន្ត្រីដើម្បីចុះពិនិត្យមើល ស្រះទឹក អណ្តូង និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់
កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្ដូងខូច និងស្រះទឹករីងស្ងួត ។ល។ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
២- ត្រូវធ្វើការណែនាំនិងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ
រងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ។
៣- ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេស និងក្នុងស្រុក
ដើម្បីជួយមានវិធានការ និងផ្ដល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់និងទឹកបរិភោគ។
៤- រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំងអស់
ត្រូវដឹកនាំត្រួតពិនិត្យការផ្គត់ផ្គង់ទឹកជនបទ និងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋនៅជនបទត្រូវការ។
៥- ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់៕