អ្នកខេត្តតាកែវរំភើបចិត្តយ៉ាងខ្លាំងពេលឃើញស្នាដៃរបស់ពួកគាត់ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះ ប្រជាពលរដ្ឋខេត្តតាកែវ មានអារម្មណ៍សប្បាយរីករាយជាខ្លាំង នៅពេលបានឃើញសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប បានដាក់តាំងបង្ហាញសំពត់ហូលផាមួង ដែលជាស្នាដៃរបស់ពួកគាត់ និងដែលពួកគាត់ធ្លាប់បានបរិច្ចាគមកកាន់សារមន្ទីរមួយនេះ។
អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងគោលបំណងចម្បង ចង់ឃើញការដាក់តាំងបង្ហាញនូវស្នាដៃសំពត់ហូល ផាមួង ដែលជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ពោរពេញដោយទឹកចិត្តស្រឡាញ់ ដាក់តាំងនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប នេះ។ ដោយសារចង់ថែរក្សាស្នាដៃកម្រ កុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរ ដើម្បីថែរក្សានិងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ។
ជាមួយគ្នានោះ អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង នៅពេលបានឃើញសំពត់ហូលដែលធ្លាប់ត្បាញដោយផ្ទាល់ដៃនៅក្នុងសម័យ លន់ ណុល ដែលជាហូលក្បាច់គោមបាត់ដំបង និងដែលអ្នកស្រីបានប្រថុយជីវិតលាក់ទុកក្នុងខ្នើយកើយកាលពីសម័យ ប៉ុល ពត ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនេះ ជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេសកូនខ្មែរជំនាន់ក្រោយបានឃើញ និងសិក្សាស្វែងយល់បន្ថែមទៀត៕




