ក្បាលរថភ្លើងល្បឿនលឿនប្រភេទ DMU (Diesel Multiple Unit) ចំនួន១១គ្រឿង នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ
ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនប្រភេទ DMU (Diesel Multiple Unit) ចំនួន១១គ្រឿងពីប្រទេសជប៉ុន ដែលក្បាលរថភ្លើងទាំងនោះបាននិងកំពុងតែដឹកជញ្ជូនតាមកប៉ាល់ចេញពីកំពង់ផែ Hakodate នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ហើយអាចនឹងមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រសួងសាធារណការ មានសុទិដ្ឋិនិយមចំពោះគម្រោងធ្វើឲ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាពនៃការដឹកជញ្ជូន ដែលមានតម្លៃថោក ដើម្បីប្រកួតប្រជែងលើវិស័យឡូជីស្ទីក។ ចំណែកឯលក្ខខណ្ឌនៃការប្រើប្រាស់ គឺនឹងត្រូវធ្វើឡើងឲ្យស្របទៅនឹងបរិបទផ្លូវដែកនៅកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានផ្លូវដែកចំនួន២ខ្សែ គឺភ្នំពេញ-ប៉ោយប៉ែត និង ភ្នំពេញ-ខេត្តព្រះសីហនុ។ បណ្តាញផ្លូវដែកនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងកែលម្អផ្លូវដែក ដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន៕