សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានអង្គព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

សម្តេចអគ្គមហាសេនាបតីតេជោ ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម និងប៉ិនប្រសប់ ឈ្លាសវៃដ៏ល្អប្រសើរបំផុតមួយរូប ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី កសាងនូវសុខសន្តិភាពជាតិ ស្ថិរភាពជាតិ ការអភិវឌ្ឍយ៉ាងច្បាស់លាស់ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដីយ៉ាងល្អបំផុតសម្រាប់ ព្រះរាជាណាចក្រកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ បានលះបង់សព្វគ្រប់បែបយ៉ាង ដើម្បីផ្តល់សិទ្ធិសេរីភាពជូន ប្រជាពលរដ្ឋ និងរក្សាបាននូវមហាសុខសន្តិភាពជូនជាតិមាតុភូមិ បង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិតាមរយៈការដាក់ចេញ នូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាំឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺសុះសាយលើឆាកអន្តរជាតិ រហូតមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងសូមបានសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាបំផុតទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបី ឃ្លៀងឃ្លាតឡើយ៕

បញ្ចេញមតិ
អត្ថបទទាក់ទង