ឯកឧត្តម ទិត សុធា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យទួលក្បិល ក្នុងស្រុកកំពង់ស្វាយ
ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងក្រុមការងារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦ -២០២៧ ។ កម្មវិធីនេះបានប្រារព្វធ្វើឡើងនៅវិទ្យាល័យទួលក្បិល ស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីនាយក គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា ប្អូនៗ ក្មួយសិក្សានុសិស្ស មាតាបីតា អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងព្រះសង្ឃ សរុបប្រមាណជាង១ពាន់នាក់។
មុននឹងចាប់ផ្តើមកម្មវិធី ក្រុមការងារនិងប្អូនៗ ក្មួយៗសិស្សានុសិស្ស និងក្រុមគ្រូបង្រៀននៅវិទ្យាល័យទួលក្បិល ក៏បានធ្វើពិធីដង្ហែមេដាយមាសនៃក្រុមមនសិការពលរដ្ឋល្អ ដែលជាការបង្ហាញនូវភាពជាគម្រូ និងលើកទឹកចិត្តដល់ក្រុមគ្រូបង្គោល ដែលមានបទពិសោធទទួលបានមេដាយមាស « នៃគម្រោងកម្ពុជាក្នុងបេះដូងខ្ញុំ » សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦កន្លងទៅ។
បន្ទាប់ពីការអានរបាយការណ៍ស្តីពីវឌ្ឍនភាពនៅវិទ្យាល័យទួលក្បិល ដោយលោកនាយកសាលា របាយការណ៍ស្តីពីបទពិសោធរបស់គ្រូបង្គោល និងចំណាប់អារម្មណ៍និងការប្តេជ្ញាចិត្តរបស់តំណាងសិស្សានុសិស្សរួចមក ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក្នុងនាមក្រុមការងារ ក៏បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងបានចែកជូននូវលិខិតសរសើរសម្រាប់សិស្សពូកែ ព្រមទាំងចែកសៀវភៅនិងសម្ភារៈសិក្សាមួយចំនួនដល់សិស្សានុសិស្សផងដែរ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនិងកក់ក្តៅជាទីបំផុត៕










