ក្រសួងបរិស្ថាន ប្រកាសគាំទ្រការវិនិយោគកាបូនដែលអនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅក្នុងជំនួបជាមួយលោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។

លោក ហ័ង អាញ់ យុង (HOANG ANH DUNG) បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។ ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ជាពិសេសចង្រា្កននេះ បានកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស គឺជួយឱ្យខ្យល់កម្ពុជាស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដើម្បីទទួលបានភាពស្អាតជំរុញដល់ពាណិជ្ជកម្មកាបូន ៤១.៧% នៅឆ្នាំ២០៣០ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនរួចជាស្រេច នោះគឺភាពស្អាត ប្រកបដោយតម្លាភាព គណនេយ្យភាពសង្គម និងគោរពតាមវិធានការច្បាប់បានខ្ជាប់ខ្ជួន។

«លើសពីនេះ គ្រប់ភាគីទាំងអស់ដែលបានរួមចំណែកក្នុងពាណិជ្ជកម្មកាបូន ដែលមានក្រុមហ៊ុនជាច្រើន រួមមានជប៉ុន សិង្ហបូរី និងវៀតណាម កម្ពុជានឹងបែងចែកភាគលាភនៃការធ្វើពាណិជ្ជកម្មនេះជូនស្មើគ្នា បន្ទាប់ពីបានផ្តល់ជូននូវប្រយោជន៍ទាំងនេះជូនប្រជាជនកម្ពុជារួច។ នឹងកម្ពុជាមិនឱ្យអ្នកវិនិយោគណាមួយដែលមានបំណងល្អជួយកម្ពុជាខាតប្រយោជន៍នោះឡើយ គឺយើងឈរលើគោលការណ៍ស្អាតពីខាងក្នុង មិនកេងចំណេញ ដើម្បីជំរុញការវិនិយោគបៃតង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាជាតិ»៕

បញ្ចេញមតិ
អត្ថបទទាក់ទង