ឯកឧត្តម ទិត សុធា អញ្ជើញសំណេះសំណាលនិងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៦បន្ទប់និងសមិទ្ធផលនានានៃសាលាបឋមសិក្សាសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីអបអរសាទរពិធីសំណេះសំណាលនិងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៦បន្ទប់និងសមិទ្ធផលនានានៃសាលាបឋមសិក្សាសំបូរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដែលចំណាយទឹកប្រាក់សរុបប្រមាណជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពី លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណ:អភិបាល ស្រុកកំពង់ស្វាយ បានឡើងអានរបាយការណ៍ស្វាគមន៍រួចមក លោក អ៊ុង គង្គា ស្ថាបនិកនិងជាតំណាងអង្គការសប្បុរសធម៌ ខ្វនថឹម បានគូសបញ្ជាក់ពីបេសកកម្មរបស់អង្គការដែលបានធ្វើការងារលើវិស័យសប្បុរសធម៌កន្លងមកជាពិសេសការជួយគាំទ្រដល់វិស័យអប់រំរួមទាំងការសាងសង់សាលារៀននានានៅទីជនបទក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់បន្ថែមថានេះគឺជាលើកទី៤ ហើយដែលអង្គការបានសាងសង់សាលារៀនដែលសរុបចំណាយទឹកប្រាក់ប្រមាណ៧០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
មានប្រសាសន៍សំណេះសំណាលដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះពិតជាបានបង្ហាញនូវការចូលរួមពិតប្រាកដក្នុងភាព ជាដៃគូរបស់អង្គការ សមាគម ជាមួយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជានិងជួយក្រុមងាយរងគ្រោះក៏ដូចជាការរួមចំណែកដល់ការពង្រឹងមិត្តភាពឱ្យកាន់តែរឹងមាំថែម ទៀតរវាងប្រជាជនចិននិងកម្ពុជាផងដែរ។
ឯកឧត្តម ទិត សុធា ក៏បានគូសបញ្ជាក់ថា ដើម្បីធានាឱ្យបាននិរន្តភាពនៃការីកចម្រើនរបស់ប្រទេសជាតិ រាជរដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាប្រមុខ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏ចម្បងបំផុតដែលនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការកសាងនិងអភិវឌ្ឍជាតិមាតុភូមិដោយបានដាក់ចេញបន្ថែមពីលើគោលនយោបាយដែលមានស្រាប់នូវវិធានការគន្លឹះចំនួន៤ រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ដោយផ្តោតលើការគ្រប់គ្រងរបស់នាយកសាលា, ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា ទាំង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារនិងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀននិងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាលនិងសហគមន៍ក្នុងការអប់រំ។
ឯកឧត្តម ទិត សុធា ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនិងកំពុងប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាពដោយបន្តផ្តល់អាទិភាពលើកិច្ចការកែទម្រង់នានានិងការពង្រឹងអភិបាលកិច្ច ជាពិសេសការធ្វើទំនើបកម្មក្នុងស្ថាប័នរដ្ឋឱ្យកាន់តែល្អប្រសើរក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដើម្បីបម្រើជាតិនិងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ទិត សុធា ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ នាយកគ្រប់គ្រងសាលា និងក្មួយៗសិស្សានុសិស្សទាំងអស់ នៃសាលាបឋមសិក្សាសំបួរ សូមចូលរួមថែរក្សាសមិទ្ធផល ថ្មីទាំងនេះដើម្បីប្រើប្រាស់បានយូរអង្វែងតទៅថ្ងៃមុខទៀត។ សាលារៀនមួយនេះ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគតរបស់កូនចៅជំនាន់ក្រោយដែលនឹងក្លាយជាទំពាំងស្នងឬស្សីនិងជាយុវជនដែលពោរពេញដោយចំណេះដឹងជ្រៅជ្រះ ជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។
ពាក់ព័ន្ធនឹងបរិការណ៍នយោបាយវិញ ឯកឧត្តម ទិត សុធា ក៏បានសង្កត់ធ្ងន់ថា បើទោះបីកម្ពុជាយើងបាននិងកំពុងប្រឈមនឹងបញ្ហាជម្លោះព្រំដែនមិនទាន់ដោះស្រាយចប់ដែលកើតចេញពីមហិច្ឆតាឈ្លានពានចង់បានទឹកដីខ្មែរយើងពីសំណាក់យោធាថៃ ក្រោយពីផ្ទះសង្គ្រាមចំនួន២លើកមកនេះយ៉ាងណាក្តី ក៏ប៉ុន្តែ ក្រោយពីមាន បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានកាអន្តរាគមន៍បន្ទាន់និងការស្តារឡើងវិញរយៈពេលវែងប្រកបដោយភាពស៊ីសង្វាក់គ្នា ដោយផ្តោតលើការសង្គ្រោះអាយុជីវិត ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកសាងខឿនសន្តិសុខជាតិតាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់
បងប្អូនប្រជាពលរដ្ឋទាំងអស់ចងចាំទុកថា «ការការពារទឹកដី និងប្រជាជន គឺជាកាតព្វកិច្ចដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។
ឯកឧត្តម ទិត សុធា ក៏បានគូសរំលេចបន្ថែមថា ទោះក្នុងតម្លៃណាក៏ដោយ យើងបានមើលឃើញនិងជឿជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមនឹងការលំបាក កម្លាំងសាមគ្គីភាពផ្ទៃក្នុងជាតិដ៏រឹងមាំបានផុសឡើងនិងគ្មានអ្វីអាចមកបំបែកបំបាក់សាមគ្គីភាពរវាងរាជរដ្ឋាភិបាលនិងប្រជាជនបានឡើយ។ ក្នុងន័យនេះ ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាល គឺការធានាបាននូវសន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរបានបង្កើននិងពង្រឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលវែងទៅមុខទៀតដោយឥតងាករេ៕















