សម្តេចតេជោ ប្រកាសដាក់ឱ្យប្រើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលសម្ពាធអតិផរណា និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសារលិខិតដាក់ឲ្យដំណើរការកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រួលដល់ជីវភាពគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក៏ដូចជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរតាមបណ្ដាខេត្តមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការអន្ដរាគមន៍គាំពារសង្គមពិសេស ដូចខាងក្រោម៖
*ទី១៖ ដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលត្រូវបានកំណត់ដោយអត្តសញ្ញាណដោយក្រសួងផែនការ និងត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះ នៅរាជធានីភ្នំពេញ មួយគ្រួសារទទួលបាន ៩៩,៩០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៨,០០០រៀល, នៅទីប្រជុំជន មួយគ្រួសារទទួលបាន ៨៧,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៤,០០០រៀល និងនៅជនបទ មួយគ្រួសារទទួលបាន ៨១,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២០,០០០រៀល។
*ទី២៖ ដាក់ការឲ្យដំណើរការកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជធានី-ខេត្ត ចំនួន១៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, តាកែវ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, កំពង់ឆ្នាំង, ព្រៃវែង, កំពត, ស្វាយរៀង និងឧត្ដរមានជ័យ។
ក្នុងនោះមួយគ្រួសារទទួលបាន ៨០,០០០រៀល, សមាជិកគ្រួសារក្នុងម្នាក់ ១៦,០០០រៀល, កុមារអាយុ០ ដល់៥ឆ្នាំ ក្នុងម្នាក់ ១៦,០០០រៀល, ជនមានពិការភាពក្នុងម្នាក់ ១៦,០០០រៀល និងមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង ក្នុងម្នាក់ ១៦,០០០រៀល។
កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើកផ្ដល់ជូនមួយខែម្ដង សម្រាប់រយៈពេល៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២តទៅ៕