ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាមេរិកCharles River Laboratories (CRL)

ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអនុញ្ញាតឱ្យ លោកVarun BHAT ដឹកនាំប្រតិភូក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេលើពិភពលោកក្នុងវិស័យស្រាវជ្រាវវេជ្ជសាស្ត្រនិងជីវសាស្ត្រ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃគម្រោងវិនិយោគចិញ្ចឹម​ស្វា​សម្រាប់​ការនាំចេញ​​ និងយុទ្ធសាស្ត្រថ្មីៗនៃគម្រោងវិនិយោគរបស់ខ្លួន  ដែលបានបោះទុនរហូតដល់ ៥០០ លានដុល្លារអាម៉េរិកនៅក្នុងទឹកដីខេត្តកំពង់ធំរបស់កម្ពុជា។

លោក Varun Bhat អនុប្រធានផ្នែកយុទ្ធសាស្ត្រ និងភស្តុភារ នៃក្រុមហ៊ុន CRL បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងរបស់ក្រុមហ៊ុន CRL ដែលបានចាប់ផ្តើមប្រតិបត្តិការ​ តាំងពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ដោយគិតមកទល់ពេលនេះ ក្រុមហ៊ុនបាននាំចេញសត្វស្វានៅដំណាក់កាលដំបូង (NHPs) ទៅកាន់ទីផ្សារប្រទេសកាណាដា និងសហរដ្ឋអាម៉េរិករួចហើយ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានពង្រីកកសិដ្ឋាន ដោយបានបង្កើតការងារបន្ថែម និងបានដំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមត្ថភាព និងសុវត្ថិភាពការងារ ស្របតាមច្បាប់ការងារនិងស្ដង់ដាកម្រិតសកល សំដៅឈានទៅសម្រេចមហិច្ឆតានៃការ​រីកលូតលាស់ក្នុងភាពជាដៃគូអភិវឌ្ឍរយៈពេលវែងជាមួយកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញឆន្ទៈវិនិយោគពង្រីកមន្ទីរពិសោធន៍ស្រាវជ្រាវ និងសកម្មភាពសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅបន្ថែម ដើម្បីបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ចក្នុងមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន CRL ព្រោះថាគម្រោងវិនិយោគនេះ គឺជាជំហានដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល និងការបង្កើតតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ​ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់សហគមន៍​ជុំវិញតំបន់កសិដ្ឋាន ពិសេសការបង្កើត​កញ្ចប់ថវិកា CSR ប្រចាំឆ្នាំ ដើម្បីគាំទ្រវិស័យ​អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីអភិវឌ្ឍយុវជន ដើម្បីចែករំលែកផលប្រយោជន៍ដល់សហគមន៍ជុំវិញ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលប្រយោជន៍ពីគម្រោងវិនិយោគនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តពង្រីកខ្សែច្រវាក់តម្លៃបន្ថែមទៀត ដោយឈានទៅបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវ (Lab) នៅក្នុងខេត្តកំពង់ធំ។ ការធ្វើបែបនេះ នឹងអនុញ្ញាតឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាពីអ្នកជំនាញអន្តរជាតិដល់បុគ្គលិកនិយោជិតខ្មែរ ជាពិសេសប្រជាជនខេត្តកំពង់ធំ ឱ្យទទួលបាននូវជំនាញពិតប្រាកដ និងមានឱកាសទទួលបានការងារដែលស្របតាមស្តង់ដាអន្តរជាតិ និងមានប្រាក់ឈ្នួលខ្ពស់។ លើសពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទទួលទិញការផ្គត់ផ្គង់ចំណីសត្វ ជាពិសេសគឺផ្លែចេកដាំដោយប្រជាកសិករ​ខេត្តកំពង់ធំផ្ទាល់ ដើម្បីជួយសហគមន៍មូលដ្ឋានឱ្យមានទីផ្សារ និងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ពី​ក្រុមហ៊ុន ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ក៏ដូចជារួមចំណែកដល់ការធានាភាព​ធន់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

អត្ថបទទាក់ទង