សម្ដេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទរបស់អ្នកជំនាញផ្នែកសន្តិសុខនិងភូមិសាស្ត្រនយោបាយថៃ «អន្ទាក់របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»
នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះខ្លឹមសារដូចតទៅ៖
ថ្ងៃនេះខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃដែលមានចំណងជើងថា «អន្ទាក់របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
១៖ នៅពេលដែលលោក Anutin បានចេញមកប្រកាសទៅកាន់កម្ពុជាកាលពីថ្ងៃទី២៧ ខែឧសភាថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់តែលើផែនទីខ្នាត 1:50,000 ប៉ុណ្ណោះ ហើយប្រសិនបើនៅតែចង់ប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ» អ្នកវិទ្យាសាស្ត្រនិងអ្នកវិភាគកម្រិតជាតិបែរជាចេញមកព្រមានភ្លាមៗថា «ប្រយ័ត្នវានឹងនាំប្រទេសដើរចូលអន្ទាក់ច្បាប់ដែលធ្លាប់ធ្វើឱ្យថៃចាញ់ក្តីនៅតុលាការពិភពលោក រួចមកហើយរហូតដល់ទៅ 2 ដង»។
២៖ អ្នកវិទ្យាសាស្ត្ររូបនោះ គឺសាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រាចារ្យជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងជាអ្នកជំនាញខាងកិច្ចការយោធានិងសន្តិសុខ។ ខ្សែបន្ទាត់ព្រំដែនរវាងថៃនិងកម្ពុជា មានឫសគល់តាំងពីសម័យដែលសៀមនិងបារាំងបានធ្វើសន្ធិសញ្ញានៅកាលពីរាប់រយឆ្នាំមុន។
៣៖ សៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៣ច្បាប់ ហើយនៅពេលសរសេរសន្ធិសញ្ញារួចរាល់ ក៏ត្រូវមកគូសវាស់ខ្សែបន្ទាត់ជាក់ស្តែងនៅលើផ្ទៃដី។ ហេតុនេះ ទើបគេបង្កើតគណៈកម្មការបោះបង្គោលព្រំដែនរួមគ្នាដើម្បីដើរអង្កេតភ្នំ ទន្លេ និងខ្សែផ្លូវទឹក (watershed) រួចរៀបចំបង្កើតឡើងជាផែនទី នោះគឺ «ផែនទីបោះបង្គោលព្រំដែន» ដែលបានធ្វើរួចរាល់នៅទី
ក្រុងប៉ារីស រួចផ្ញើមកឱ្យរដ្ឋាភិបាលសៀមតាមរយៈស្ថាន ទូតសៀមប្រចាំទីក្រុងប៉ារីសនៅខែសីហា ឆ្នាំ១៩០៨។
៤៖ ផែនទីបោះបង្គោលព្រំដែនឈុតនេះគឺមានខ្នាត 1:200,000 ដោយលោកសាស្ត្រាចារ្យ Surachart បានពន្យល់យ៉ាងច្បាស់ថា «ផែនទីខ្នាត 1:50,000 ដែលថៃយកមកអះអាងនោះ តាមពិតទៅ គឺជាផែនទីដែលកងទ័ពអាមេរិកបានធ្វើឡើងនៅក្នុងយុគសម័យសង្គ្រាមវៀតណាម»។ វាជាផែនទីទាហានឬផែនទីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធមិនមែនជាផែនទីដែលធ្វើឡើងក្នុងគោលបំណងបោះបង្គោលព្រំដែនឡើយ ហើយក៏មិនដែលទទួលបានការផ្តល់សច្ចាប័នពីភាគីណាមួយនោះដែរ។
៥៖ ពាក្យថា «ផ្តល់សច្ចាប័ន» គឺមានន័យថា «ប្រទេសទាំងពីរបានចុះហត្ថលេខាទទួលស្គាល់រួមគ្នាជាផ្លូវការនិងមានចងកាតព្វកិច្ចខាងផ្លូវច្បាប់»។ ផែនទីបោះបង្គោលព្រំដែនខ្នាត 1:200,000 នោះ បានឆ្លងកាត់ដំណើរការនេះរួចរាល់ហើយប៉ុន្តែផែនទីទាហានខ្នាត 1:50,000 គឺថៃធ្វើឡើងតែម្នាក់ឯង ដោយភាគីកម្ពុជាមិនបានចុះ ហត្ថលេខាទទួលស្គាល់ជាមួយឡើយ។
៦៖ លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ទៀតថា នៅក្នុងវេទិកាច្បាប់អន្តរជាតិ គេពិនិត្យទៅលើ «ភាពត្រឹមត្រូវខាងផ្លូវច្បាប់» មិនមែនពិនិត្យទៅលើភាពលម្អិតរបស់ផែនទីនោះទេ បើទោះបីជាផែនទីខ្នាត 1:50,000 មានភាពលម្អិតជាង ច្បាស់ជាង ឬស្អាតជាងក៏ដោយ ប៉ុន្តែបើគ្មានការទទួលស្គាល់រួមគ្នាទេ គឺមិនអាចយកទៅប្រើប្រាស់ដើម្បីអះអាងសិទ្ធិនៅក្នុងតុលាការបានឡើយ។
៧៖ ប្រភពផែនទីខ្នាត 1:50,000 ដែលលោកនាយករដ្ឋមន្ត្រីជ្រើសរើសមកប្រើប្រាស់ មានការសរសេរប្រយោគសម្គាល់ទុកថា «Boundary representation is not necessarily authoritative» ដែលមានន័យថា «ខ្សែបន្ទាត់ព្រំដែនដែលបានបង្ហាញនេះមិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ»។
៨៖ ប្រសិនបើយើងទៅតុលាការ ហើយយើងលើកផែនទីនេះទៅបង្ហាញ រួចនិយាយថា «ខ្សែបន្ទាត់ព្រំដែនស្ថិតនៅត្រង់នេះ បើយោងតាមផែនទីរបស់ខ្ញុំ» ហើយនៅពេលចៅក្រមក្រឡេកទៅអាននៅលើគែមផែនទី បែរជាជួបប្រយោគដែលសរសេរថា «ខ្សែបន្ទាត់ព្រំដែនដែលបង្ហាញនេះមិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ» វាប្រៀបដូចជាយើងយកភស្តុតាងដែលគ្មានភាពគួរឱ្យទុកចិត្តទៅដាក់ជូនតុលាការពិនិត្យ។
៩៖ និយាយឱ្យសាមញ្ញ គឺវាជាភស្តុតាងដែលបានចុះ ហត្ថលេខាបដិសេធខ្លួនឯងតាំងពីដំបូងមកម្ល៉េះដែលធ្វើឱ្យទម្ងន់នៃភស្តុតាងរបស់យើងត្រូវបាត់បង់ស្ទើរតែទាំង ស្រុង។ ចំណុចនេះ គឺត្រូវគ្នានឹងគោលការណ៍ដែលតុលាការពិភពលោកតែងតែប្រើប្រាស់ជាដរាបមក គឺតុលាការចាត់ទុកថា «ផែនទីជាទូទៅគ្រាន់តែជាភស្តុតាងបន្ទាប់បន្សំឬភស្តុតាងតាមកាលៈទេសៈមិនមែនជាភស្តុតាងសន្និដ្ឋាននោះទេ»។
១០៖ ធ្លាប់មានក្តីវិវាទព្រំដែនរវាងប្រទេស Burkina Faso និងប្រទេស Niger ដែលតុលាការពិភពលោកបានសង្កត់ធ្ងន់លើគោលការណ៍នេះយ៉ាងច្បាស់លាស់ថា «ផែនទីនឹងមានទម្ងន់លុះត្រាតែវាត្រូវបានចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញាឬមានការទទួលស្គាល់ពីភាគីទាំងសងខាង»។
១១៖ លោក Surachart ទើបប្រើពាក្យថា «ផែនទីទាហានដែលនាយករដ្ឋមន្ត្រីថៃមានទំនុកចិត្តខ្លាំងណាស់នោះគឺជា «ភាពមានប្រៀបដែលមិនពិតប្រាកដ» ដោយវាគ្រាន់តែមើលទៅដូចជាយើងមានប្រៀប មើលទៅដូចជាខ្សែបន្ទាត់អំណោយផលដល់យើង តែពេលយកចូលទៅតុលាការជាក់ស្តែងគឺប្រើមិនកើតនោះទេពីព្រោះខ្លួនវាផ្ទាល់បានប្រកាសនៅលើគែមក្រដាសថា មិនមែនជាឯកសារកំណត់ខ្សែបន្ទាត់ព្រំដែនឡើយ»។
១២៖ មួយវិញទៀត មានទស្សនៈមួយទៀតបានស្នើឡើងថា «ក្នុងន័យដែលផែនទីខ្នាត 1:50,000 ប្រើប្រាស់ក្នុងតុលាការមិនបាន ប៉ុន្តែផែនទីបោះបង្គោលព្រំដែនដែលប្រើប្រាស់បានបែរជាផែនទីខ្នាត 1:200,000 ដែលនាយករដ្ឋមន្ត្រីមិនទទួលស្គាល់ទៅវិញ នោះយើងគួរតែ «លុបចោលទាំងអស់ទៅ» ដោយមិនចាំបាច់ទទួលស្គាល់ទាំងផែនទីបោះបង្គោលព្រំដែននិងមិនបាច់ទទួលស្គាល់ទាំងសន្ធិសញ្ញាទាំង 3 ច្បាប់នោះឡើយ គឺហែកចោលឱ្យអស់រួចចាប់ផ្តើមរាប់ពីលេខមួយឡើងវិញ។
១៣៖ លោក Surachart បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា «នេះគឺជាគ្រោះមហន្តរាយ» និងជារឿងដែលមិនអាចទៅរួចឡើយទាំងក្នុងផ្លូវប្រតិបត្តិនិងក្នុងផ្លូវប្រវត្តិសាស្ត្រ ពីព្រោះសន្ធិសញ្ញាទាំង៣ច្បាប់ជាមួយនឹងផែនទីបោះ បង្គោលព្រំដែនឈុតនោះគឺជាប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ថៃតាំងពីសម័យសៀមរហូតមកដល់សព្វថ្ងៃនេះ»។
១៤៖ វាគឺជាគ្រឿងធានាអះអាងថា «ខ្សែបន្ទាត់ព្រំដែនត្រង់នេះជារបស់ថៃ ត្រង់នោះជារបស់កម្ពុជា។ បើយើងហែកវាចោល វាស្មើនឹងយើងគ្រវែងចោលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនឯង ដែលទង្វើនេះ នឹងធ្វើឱ្យភាគីកម្ពុជាទទួលបានផលប្រយោជន៍ពេញទំហឹងពីព្រោះនៅពេលដែលគ្មានសន្ធិសញ្ញាជាក្របខ័ណ្ឌ គ្រប់យ៉ាងនឹងបើកចំហឱ្យមានការជជែកវែកញែកសារជាថ្មី ហើយយើងក៏អាចនឹងត្រូវបាត់បង់ដីធ្លីដែលធ្លាប់ជារបស់យើងពិតប្រាកដរួចទៅហើយនោះថែមទៀតផង»។
១៥៖ លើសពីនេះ សន្ធិសញ្ញានិងផែនទីឈុតនេះ មិន មែនគ្រប់គ្រងតែខ្សែបន្ទាត់ព្រំដែនថៃនិងកម្ពុជាប៉ុណ្ណោះ ទេ គឺវាគ្របដណ្តប់រហូតទៅដល់ខ្សែបន្ទាត់ព្រំដែនថៃនិងឡាវទៀតផង ពោលគឺវាគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនភាគខាងកើតរបស់ថៃពេញមួយខ្សែ។ ប្រសិនបើយើងប្រកាសហែកសន្ធិសញ្ញាចោល ព្រោះគ្រាន់តែចង់សងសឹកកម្ពុជាដែលប្រើផែនទីខ្នាត 1:200,000 វាក៏នឹងធ្វើឱ្យខ្សែបន្ទាត់ព្រំដែនរបស់ថៃជាមួយប្រទេសឡាវត្រូវរង្គោះរង្គើភ្លាមៗដូចគ្នា។
១៦៖ ជំនួសឱ្យការមានបញ្ហាជាមួយប្រទេសជិតខាងតែមួយប្រទេស យើងអាចនឹងត្រូវបើកសមរភូមិព្រមគ្នារហូតដល់ទៅពីរប្រទេសគឺទាំងជាមួយកម្ពុជានិងឡាវ។ ក្នុងផ្លូវការទូត ការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលធ្លាប់បានផ្តល់សច្ចាប័នរួចមកហើយនោះ នឹងធ្វើឱ្យថៃបាត់បង់ភាពគួរឱ្យទុកចិត្តដែលនឹកចង់ហែកសន្ធិសញ្ញាពេលណាក៏ធ្វើតាមអារម្មណ៍ដែលវានឹងជះ ឥទ្ធិពលដល់កិត្យានុភាពរបស់ថៃនៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
១៧៖ លោក Surachart ក៏បានសរសេររៀបរាប់នៅក្នុងលិខិតផងដែរថា «ចង់ឱ្យនាយករដ្ឋមន្ត្រីទៅសាកសួរអ្នកដែលមានចំណេះដឹងដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈពិតប្រាកដដែលអ្នកនោះប្រហែលជាមិនមែនជាអ្នក នយោបាយដូចជារដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន គឺលោក Sihasak ដែលកំពុងអង្គុយតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៅក្នុងគណៈរដ្ឋមន្ត្រី»។
១៨៖ លោក Sihasak គឺជាអ្នកការទូតអាជីពដែលយល់ ដឹងពីរឿងនេះច្បាស់ណាស់ ប៉ុន្តែប្រហែលជាត្រូវធ្វើជា មិនដឹងមិនលឺដើម្បីកុំឱ្យមានទំនាស់ជាមួយនឹងនាយករដ្ឋមន្ត្រីដែលបានប្រកាសពីជំហររួចទៅហើយ។ នេះហើយជាបញ្ហានៃការប្រើប្រាស់អំណាចដែលបរាជ័យ។
១៩៖ ជាធម្មតា អ្នកនយោបាយឡើងមកហើយក៏ទៅវិញ កាន់តំណែងតែប៉ុន្មានឆ្នាំក៏ត្រូវផ្លាស់ប្តូរ ប៉ុន្តែមន្ត្រីរាជការអចិន្ត្រៃយ៍ ដូចជានាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ឬនាយកដ្ឋានផែនទីទាហាន មនុស្សក្រុមនេះគឺជាអ្នកដែលរក្សាចំណេះដឹង រក្សាឯកសារនិងរក្សាប្រវត្តិសាស្ត្រមក
រាប់រយឆ្នាំ ពួកគេគឺជា «ការចងចាំរបស់ជាតិ»។
២០៖ នៅក្នុងប្រព័ន្ធដ៏ល្អ អ្នកនយោបាយជាអ្នកកំណត់ទិសដៅប៉ុន្តែមន្ត្រីដែលដឹងពិតប្រាកដត្រូវតែហ៊ានចេញ មុខជំទាស់ប្រសិនបើទិសដៅនោះនឹងនាំប្រទេសដើរធ្លាក់ជ្រោះ។ ប៉ុន្តែអ្វីដែលសាស្ត្រាចារ្យ Surachart មានក្តីបារម្ភ គឺបើសូម្បីតែរដ្ឋមន្ត្រីការបរទេសដែលជាអ្នកការទូតអាជីពនៅតែត្រូវលេបចំណេះដឹងខ្លួនឯងដើម្បីរក្សាកៅអី ឬដើម្បីកុំឱ្យទាស់ចិត្តចៅហ្វាយនាយ តើនឹងមាននរណាហ៊ានព្រមាននាយករដ្ឋមន្ត្រីទៅ?
២១៖ នៅពេលដែលចំណេះដឹងពិតប្រាកដត្រូវបានបំបិទ មនុស្សដែលត្រូវទទួលកម្មគឺជាប្រទេសជាតិនិងប្រជាពលរដ្ឋថៃទាំងមូល។ ការសម្រេចចិត្តរឿងខ្សែបន្ទាត់ព្រំដែនដែលខុសឆ្គងគឺមិនអាចកែប្រែត្រឡប់មកវិញបានឡើយ។ វាគឺការបាត់បង់ដីធ្លីជាអចិន្ត្រៃយ៍។
២២៖ លោកសាស្ត្រាចារ្យសង្កត់ធ្ងន់ថា «មន្ត្រីរាជការដែលនៅតែមានភាពស្មោះត្រង់និងមានវិជ្ជាជីវៈខ្ពស់នៅនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ព្រមទាំងនាយកដ្ឋានផែនទីទាហាន សុទ្ធតែមានមតិយល់ឃើញដូចគ្នានឹងលោកដែរ ពោលគឺមនុស្សដែលដឹងពិតប្រាកដនៅក្នុងប្រព័ន្ធ។ គេដឹងរួចទៅហើយថា អ្វីត្រូវ ហើយអ្វីខុស។ គ្រាន់តែថា តើនឹងមាននរណាហ៊ាននិយាយវាចេញមកក្រៅដែរឬទេតែប៉ុណ្ណោះ?»
២៣៖ សាស្ត្រាចារ្យ Surachart មានចេតនាលើកយកប្រវត្តិសាស្ត្រមកប្រៀបធៀបនឹងបច្ចុប្បន្នចំៗតែម្តងដោយលោកបានយកការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Anutin នាថ្ងៃនេះ ទៅប្រៀបធៀបនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក Sarit Thanarat នៅក្នុងក្តីប្រាសាទព្រះវិហារកាលពីអតីតកាល។
២៤៖ កាលនោះ ក្នុងក្តីប្រាសាទព្រះវិហារ ភាគីកម្ពុជាបានយកផែនទីបោះបង្គោលព្រំដែនច្បាប់ដើមមកតស៊ូក្តី ចំណែកឯភាគីថៃក្នុងយុគសម័យលោក Sarit Thanarat បែរជាយកផែនទីដែលអ្នកជំនាញភាគីថៃធ្វើឡើងដោយខ្លួនឯងមកតស៊ូទៅវិញ ហើយនៅក្នុងផែនទីដែលថៃផ្ញើជូនតុលាការអន្តរជាតិ ក៏មានប្រយោគបញ្ជាក់ថា ជាផែនទីដែលរៀបចំឡើងដោយអ្នកជំនាញថៃ។
២៥៖ លទ្ធផល គឺតុលាការអន្តរជាតិបានកាត់សេចក្តីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ដោយសំឡេង៩ ទល់នឹង៣ ឱ្យប្រាសាទព្រះវិហារធ្លាក់ទៅជាកម្មសិទ្ធិរបស់កម្ពុជាហើយថៃត្រូវចាញ់ក្តី។ ហេតុផលដែលតុលាការសម្រេចបែបនេះ គឺជាចំណុចស្លាប់ដែលលោកសាស្ត្រាចារ្យចេញមកព្រមាន។ តុលាការនៅពេលនោះមិនបានកាត់សេចក្តីដោយចុះទៅវាស់វែងខ្សែបែងចែកទឹកថា «នរណាត្រូវឬនរណាខុសតាមភូមិសាស្ត្រពិតប្រាកដឡើយ» ប៉ុន្តែតុលាការបានកាត់សេចក្តីដោយប្រើប្រាស់គោលការណ៍«ការយល់ព្រមដោយប្រយោល»
(Acquiescence)។
២៦៖ តុលាការបានបញ្ជាក់ថា «ទោះបីជាផែនទីបោះ បង្គោលព្រំដែនឈុតនោះអាចមិនមែនជាផែនទីផ្លូវការរបស់គណៈកម្មការបោះបង្គោលព្រំដែនក៏ដោយ ក៏ប៉ុន្តែសៀមបានទទួលផែនទីនោះហើយរក្សាភាពស្ងប់ស្ងាត់ និងមិនដែលធ្វើការជំទាស់តវ៉ាទាល់តែសោះអស់រយៈពេលជាង៥០ឆ្នាំ»។
២៧៖ ជាក់ស្តែងកាលពីឆ្នាំ១៩៣០ សម្តេចក្រុមព្រះ Damrong Rajanubhap ក៏បានយាងទៅទស្សនាប្រាសាទព្រះវិហារដោយមានមន្ត្រីបារាំងមកធ្វើការទទួល ស្វាគមន៍នៅក្រោមទង់ជាតិបារាំង ហើយភាគីថៃក៏មិន បានធ្វើការតវ៉ាអ្វីដែរ។ ដូច្នេះតុលាការសន្និដ្ឋានថា «ការដែលថៃស្ងប់ស្ងាត់រហូតមកស្មើនឹងការទទួលស្គាល់ផែនទីនោះដោយប្រយោលរួចទៅហើយ ហើយនៅពេលដែលទទួលស្គាល់ហើយ ផែនទីបោះបង្គោលព្រំដែននោះក៏ក្លាយជាផ្នែកមួយនៃសន្ធិសញ្ញាដោយស្វ័យប្រវត្តិតែ ម្តង»។
២៨៖ ចំណុចស្លាប់វាស្ថិតនៅត្រង់នេះឯង គឺមិនមែនស្ថិតនៅលើផែនទីរបស់នរណាលម្អិតជាងឬមានមាត្រដ្ឋានល្អជាងនោះទេ។ ប៉ុន្តែវាស្ថិតនៅលើ«ឥរិយាបថរបស់រដ្ឋ» ថាបានដាក់ខ្លួនយ៉ាងណា បាននិយាយអ្វីខ្លះ បានទទួលស្គាល់ឬបដិសេធអ្វីខ្លះកន្លងមក។
២៩៖ ការដែលលោក Anutin យកផែនទីទាហានខ្នាត 1:50,000 មកលើកបង្ហាញ វាមិនខុសប្លែកអ្វីពីលោក Sarit Thanarat ដែលយកផែនទីដែលអ្នកជំនាញថៃ ធ្វើខ្លួនឯងមកលើកបង្ហាញកាលណោះឡើយ ពោលគឺការយកផែនទីដែលមិនទទួលបានការទទួលស្គាល់រួមគ្នាមកធ្វើជាអាវុធចម្បង ដែលប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយថា «វាគឺជាអាវុធដែលបាញ់មិនចេញ ហើយចុងក្រោយយើងក៏ត្រូវចាញ់ក្តី។ បើដើរជាន់ដានចាស់ វាទំនងជានឹងនាំទៅរកលទ្ធផលដូចគ្នា»។
៣០៖ រឿងរ៉ាវដែលបដិសេធជំនឿចាស់ដូចជា «ផែនទី ៥០ច្បាប់នៅប៉ារីស»។ ជំនឿដែលថានោះ គឺសម័យនោះសៀមទន់ខ្សោយ ហើយបារាំងខ្លាំងជាងនិងជាអ្នកគូសផែនទីរបស់យើង ដែលយើងល្ងង់ខ្លៅមិនដឹងរឿងការធ្វើផែនទីទាល់តែសោះ ទើបត្រូវបារាំងបោកប្រាស់យកប្រៀបទាំងអស់។
៣១៖ ពួកយើងជឿបែបនេះតៗគ្នាមកជាយូរលង់រហូតក្លាយជារឿងនិទានដែលដក់ជាប់ក្នុងខួរក្បាលហើយរាល់ពេលមានបញ្ហាព្រំដែនម្តងៗ ក៏ទម្លាក់កំហុសថា «កាលពីសម័យនោះ យើងត្រូវគេបោកប្រាស់»។ ប៉ុន្តែលោកសាស្ត្រាចារ្យ Surachart លោកបានបង្ហាញការពិតខាងប្រវត្តិសាស្ត្រចំៗតែម្តង គឺរឿងដែលស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស បានទទួលផែនទីបោះបង្គោលព្រំដែននៅក្នុងឆ្នាំ១៩០៨។ ប្រសិនបើអ្នកគូសផែនទីរបស់សៀមល្ងង់ខ្លៅពិតមែន មិនដឹងរឿងពិតមែន ហេតុអ្វីបាន ជាសៀមមានគណៈកម្មការកំណត់ព្រំដែនដើម្បីបោះ បង្គោលព្រំដែនរួមដើរវាស់វែងជាមួយបារាំងបាន?
៣២៖ ហេតុអ្វីបានជាស្ថានទូតសៀមទទួលផែនទីជាផ្លូវការ មានលិខិតឆ្លើយឆ្លង មានការចុះហត្ថលេខាទទួលរបស់ រួចថែមទាំងបានផ្ញើច្បាប់ចម្លងទៅកាន់បណ្តាខេត្តតាមព្រំដែននិងស្ថានទូតសៀមប្រចាំទីក្រុងឡុងដ៍ ប៊ែរឡាំង រុស្ស៊ី និងអាមេរិកទៀតផង? សកម្មភាពទាំងនេះបានបញ្ជាក់ថា «សៀមមិនមែនល្ងង់ខ្លៅ មិនមែនខ្វះចំណេះដឹងឡើយ។ សៀមបានយល់ដឹងពីដំណើរការបោះបង្គោលព្រំដែនជាប្រព័ន្ធយ៉ាងល្អប្រសើរ»។
៣៣៖ សៀម មានប្រព័ន្ធរាជការដែលធ្វើការងារមានរបៀបរៀបរយ មានការទទួលឯកសារ ចុះបញ្ជី ចែកចាយគ្រប់គ្រាន់តាមបែបបទស្តង់ដារអន្តរជាតិដែលរឿងនេះគឺជា «ដាវមុខពីរ»។ នៅក្នុងទស្សនៈរបស់តុលាការពិភពលោក ការដែលសៀមទទួលផែនទីជាផ្លូវការ គឺជាភស្តុតាងដ៏ល្អបំផុតដែលបញ្ជាក់ថា «សៀមបានដឹងលឺនិងទទួលស្គាល់ផែនទីនោះដែលជាហេតុផលតែមួយគត់ដែលធ្វើឱ្យយើងត្រូវចាញ់ក្តីនៅក្នុងឆ្នាំ១៩៦២»។
៣៤៖ ដូច្នេះ ការពិតរឿងនេះវាមានពីរជ្រុង ដែលជ្រុងមួយគឺវាលុបបំបាត់ពាក្យមើលងាយខ្លួនឯងថា «សៀមល្ងង់» តែជ្រុងមួយទៀត វាក៏ស្មើនឹងការបញ្ជាក់ច្បាស់ថា «យើងបានទទួលស្គាល់ផែនទីនោះពិតប្រាកដមែនក្នុងផ្លូវ ច្បាប់»។ ខ្សែបន្ទាត់ព្រំដែនទាំងមូលមានទាំងចំណុចដែលយើងមានប្រៀបនិងចំណុចដែលយើងចាញ់ប្រៀបលាយឡំគ្នាទៅ មិនមែនថា «យើងត្រូវចាញ់ប្រៀបគ្រប់ម៉ែត្រការ៉េនោះឡើយ»។ ប្រសិនបើយើងមើលខ្សែទាំង មូលដោយសមហេតុផល យើងអាចនឹងរកឃើញថា «ចំណុចជាច្រើនយើងមានប្រៀបខ្លាំងជាងផង»។
៣៥៖ ការប្រកាន់ខ្ជាប់នូវសន្ធិសញ្ញានិងផែនទីបោះ បង្គោលព្រំដែនទៅវិញទេ ដែលជាអាវក្រោះការពារទឹកដីរបស់យើងមិនមែនជាការហែកវាចោលនោះឡើយ។ អ្វីដែលលោក Surachart ព្រួយបារម្ភបំផុតគឺសម្តីដ៏រឹងរូសរបស់នាយករដ្ឋមន្ត្រីដែលថា «បើប្រើផែនទីខ្នាត 1:200,000 គឺមិនចាំបាច់មកជជែកគ្នា» ព្រោះក្នុងផ្លូវច្បាប់អន្តរជាតិ សម្តីបែបនេះវាអាចនឹងក្លាយជាលក្ខខណ្ឌបើកផ្លូវឱ្យភាគីកម្ពុជាអូសទាញថៃឡើងទៅកាន់តុលាការពិភពលោកបាន។
៣៦៖ ជាក់ស្តែងដូចកាលពីថ្ងៃទី១៦ ខែមិថុនា ភាគីកម្ពុជាបានដាក់រឿងរ៉ាវតំបន់វិវាទទៅកាន់តុលាការពិភពលោកនៅទីក្រុងឡាអេរួចរាល់ហើយដោយបានដាក់ជូនទៅកាន់អ្នកចុះបញ្ជីរបស់តុលាការ។ តំបន់ទាំង៤នោះ គឺប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
៣៧៖ កម្ពុជាមានចេតនាជ្រើសរើសថ្ងៃដាក់ពាក្យបណ្តឹង ចំពេលថ្ងៃខួបទី ៦៣ឆ្នាំនៃសាលក្រមកាត់សេចក្តីក្តីប្រាសាទព្រះវិហារដើម្បីបញ្ជាក់ជានិមិត្តរូប។ មុនពេល នោះ នៅក្នុងកិច្ចប្រជុំគណៈកម្មាការព្រំដែនរួម នៅទីក្រុងភ្នំពេញ ភាគីកម្ពុជាក៏បានប្រកាសយ៉ាងច្បាស់លាស់ហើយថា «កម្ពុជានឹងទទួលស្គាល់តែលើផែនទីខ្នាត 1:200,000 តែប៉ុណ្ណោះ ដោយអះអាងថាមានមូលដ្ឋានមកពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1904 និង1907 ព្រមទាំងបានបដិសេធផែនទីខ្នាត 1:50,000 ដែលថៃធ្វើដោយខ្លួនឯងយ៉ាងដាច់អហង្ការ»។
៣៨៖ វាប្រៀបដូចជាភាគីកម្ពុជាបានរៀបចំផែនការយុទ្ធសាស្ត្រនេះរួចហើយ។ កម្ពុជាឈរជើងលើផែនទីខ្នាត 1:200,000 ដែលជាផែនទីបោះបង្គោលព្រំដែនដែលបានផ្តល់សច្ចាប័នរួចហើយ។ នៅពេលនាយករដ្ឋមន្ត្រីរបស់ថៃចេញមកប្រកាសថា «បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកគ្នា» វាស្មើនឹងយើងប្រកាសចំពោះមុខពិភពលោកថា «ប្រទេសថៃបដិសេធមិនព្រមចរចាតាមយន្តការទ្វេភាគីនិងមិនព្រមជជែក គ្នា»។
៣៩៖ ភាគីកម្ពុជា ក៏នឹងយកសម្តីនេះទៅជម្រាបតុលាការពិភពលោកបានភ្លាមថា «ខ្លួនបានព្យាយាមជជែកជាមួយថៃតាមយន្តការធម្មតាហើយ ប៉ុន្តែថៃបិទទ្វារមិនព្រមជជែក។ ការចរចាទ្វេភាគីបានដើរដល់ផ្លូវទាល់ច្រកហើយ ដូច្នេះផ្លូវចេញតែមួយគត់គឺ ត្រូវតែឱ្យតុលាការពិភពលោកជាអ្នកកាត់សេចក្តី»។
៤០៖ ហើយអ្វីដែលធ្ងន់ធ្ងរលើសពីនេះ គឺប្រទេសថៃទទូចថា «ខ្លួនមិនទទួលយកយុត្តាធិការរបស់តុលាការទេ។ ថៃមានសិទ្ធិបដិសេធ ដែលរឿងនេះជាការពិតត្រឹមតែក្នុងន័យដែលថា សេចក្តីប្រកាសទទួលស្គាល់អំណាចបង្គាប់របស់តុលាការពិភពលោកដែលថៃធ្លាប់បានធ្វើកាលពីឆ្នាំ១៩៥០។ វាមានអាយុកាល១០ឆ្នាំ បានអស់សុពលភាពតាំងតែពីឆ្នាំ១៩៦០មកម្ល៉េះនិងមិនដែលបានធ្វើការបន្តអាយុទាល់តែសោះ»។
៤១៖ ប៉ុន្តែលោក Surachart បានព្រមានថា «ក្នុងផ្លូវប្រតិបត្តិជាក់ស្តែង ពួកយើងបានទទួលស្គាល់អំណាចតុលាការពិភពលោករួចស្រាប់ទៅហើយទាំងនៅក្នុងឆ្នាំ១៩៦២ និងនៅក្នុងឆ្នាំ២០១៣ ពោលគឺយើងបានឡើងទៅតស៊ូក្តីនៅក្នុងតុលាការទាំងពីរលើក»។
៤២៖ អ្វីដែលសំខាន់បំផុត ភាគីកម្ពុជាមិនមានភាពចាំបាច់ត្រូវឱ្យយើងចុះហត្ថលេខាទទួលស្គាល់អំណាចតុលាការសារជាថ្មីឡើយ ពីព្រោះកម្ពុជាមាន «ច្រកផ្លូវពិសេស» គឺការដាក់ពាក្យស្នើសុំឱ្យតុលាការបកស្រាយសាលក្រមកាត់សេចក្តីក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ យោងតាមមាត្រា៦០ នៃលក្ខន្តិកៈតុលាការអន្តរជាតិ។
៤៣៖ ច្រកផ្លូវនេះហើយដែលជាផ្លូវដ៏គ្រោះថ្នាក់បំផុត ព្រោះវាមិនបាច់ទាមទារសេចក្តីយល់ព្រមថ្មីពីភាគីថៃឡើយ ហើយកម្ពុជាក៏ធ្លាប់ប្រើប្រាស់ផ្លូវនេះបានសម្រេចរួចមកហើយកាលពីឆ្នាំ២០១៣ ដែលពេលនោះតុលាការបានសម្រេចជាឯកច្ឆន្ទ ដោយមានសំឡេងគាំទ្រ១៧ សំឡេងថា «ផ្ទៃដីតំបន់ចង្កេះភ្នំប្រាសាទព្រះវិហារទាំង អស់ជារបស់កម្ពុជា ហើយថៃត្រូវតែដកកងកម្លាំងចេញ។ នោះគឺជាការចាញ់ក្តីលើកទីពីររបស់ថៃ»។
៤៤៖ ដូច្នេះ អ្វីដែលលោកសាស្ត្រាចារ្យចេញមកព្រមានគឺប្រសិនបើនាយករដ្ឋមន្ត្រីនៅតែប្រើប្រាស់សម្តីរឹងរូសបែបនេះនិងនៅតែប្រកាន់ខ្ជាប់ប្រើប្រាស់ផែនទីដែលមិនមែនជាផែនទីផ្លូវការ វាក៏មិនខុសប្លែកអ្វីពីពួកយើងកំពុងតែដើរជាន់ដានចាស់ចូលទៅក្នុងអន្ទាក់ដែលភាគីកម្ពុជាបានរៀបចំទុកនោះឡើយ។ សាលក្រមកាត់សេចក្តីឆ្នាំ១៩៦២នោះ បានប៉ះពាល់ទៅដល់រឿងផែនទីបោះ បង្គោលព្រំដែនដោយផ្ទាល់រួចស្រាប់ទៅហើយពោលគឺគ្រាន់តែចាប់ទាញយកមកពង្រីកសេចក្តីបន្ថែម ក៏អាចអូសទាញថៃត្រឡប់ចូលទៅកាន់តុលាការពិភពលោកជាលើកទី៣ បានដោយងាយ៕
