BREAKING: កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសាជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា
13-08-2025 17:23
យោងតាមប្រភពព័ត៌មានដែលទុកចិត្តបានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃ បានធ្វើការបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។
យោងតាមប្រភពព័ត៌មានដដែល, កងទ័ពថៃបានគ្រោងនឹងវាយប្រហារមកលើកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះមានរថក្រោះជាច្រើនគ្រឿង ដើម្បីធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា។
ទង្វើនេះបង្ហាញថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតលើបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕