ក្រសួងការងារ នាំយកឱកាសការងារជិត ២ពាន់កន្លែង ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ លោក ទុយ ស៊ីផាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ឃុំអង្គពពេល ឃុំមហាឬស្សី និងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីនាំយកឱកាសការងារជិត ២ពាន់កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២២១នាក់ និងមានបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរចំនួន ២៣៣នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជិត ២ពាន់កន្លែង។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់អ្នកចូលរួមក្នុងកម្មវិធីនោះផងដែរ៕








