តើប្រជាពលរដ្ឋគួរជ្រើសរើសយកមួយណារវាងប្រជាធិបតេយ្យ និងបដិវត្តន៍ពណ៌?
នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូររាជរដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យមាន៣ប្រភេទរួមមាន៖ទី១ ការធ្វើរដ្ឋប្រហារ ទី២ ការប្រមូលប្រជាជនមកធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ទី៣ ការបោះឆ្នោត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការជ្រើសរើសមេដឹកនាំគឺត្រូវធ្វើតាមការបោះឆ្នោតដែលតំណាងអោយប្រជាពលរដ្ឋទូទាំងប្រទេស ពេលនោះហើយគឺជាការស្ទង់មតិធំបំផុតរយៈពេល៥ឆ្នាំម្តងដែលប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត១០០% ពោលគឺនេះជាការស្ទង់មតិពិតប្រាកដមិនមែនស្ទង់មតិតាមហ៊្វេសប៊ុកដែលប្រមូលគ្នារាប់ពាន់រាប់ម៉ឺននាក់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋត្រូវអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យដើម្បីជ្រើសរើសមេដឹកនាំទៅតាមគោលការណ៍ប្រជាធិបតេយ្យ ដែលរក្សាបាននូវស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសរបស់យើង ពោលគឺមានតែការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ ដែលយើងអាចបន្តដំណើរទៅមុខតទៅទៀតរួមគ្នាកុំអោយវិលត្រឡប់ទៅក្នុងការបែកបាក់ឯកភាពជាតិ៕



