ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានសម្រេចលទ្ធផលចំនួន៣ចំនុច មានដូចជា៖
១- បង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្តចំនួន ១១ ប្រទេស រួមមាន៖ ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រ ថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃ សហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភានៃសាធារណ រដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល-ប៊ែលហ្ស៊ិក។

២- បង្កើតក្រុមសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន៖ សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF), សហភាពអន្តរសភា (Inter-Parliamentary Union – IPU), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum – APPF), សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA) និងបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN)។

៣- បង្កើតក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន៖ អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA), កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia – Laos – Viet Nam (CLV) Parliamentary Summit), ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP), សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP)៕

បញ្ចេញមតិ
អត្ថបទទាក់ទង