ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់អំពីការជួយអន្តរាគមន៍សម្រួលដល់ការវិលត្រឡប់វិញរបស់បងប្អូនពលករខ្មែរចំនួន២៩នាក់ដែលកំពុងស្នាក់នៅទីក្រុង Jaddah នៃប្រទេសអារ៉ាប៊ីសាវអូឌីត

ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់អំពីការជួយអន្តរាគមន៍សម្រួលដល់ការវិលត្រឡប់វិញរបស់បងប្អូនពលករខ្មែរចំនួន២៩នាក់ដែលកំពុងស្នាក់នៅទីក្រុង Jaddah នៃប្រទេសអារ៉ាប៊ីសាវអូឌីត។

ខាងក្រោមនេះ ជាប្រសាសន៍ទាំងស្រុងរបស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖

នៅវេលាម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ខ្ញុំបានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ត ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាន់ប៊ីសាវអូឌីដ ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្សីបបាននឹងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។

ក្នុងការសន្ទនាជាមួយខ្ញុំ បងប្អូនពលការិនីយើងបានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងភាគីពាក់ព័ន្ធ ដែលបានចាត់វិធានការទាន់ពេលវេលា ជួយបងប្អូនបានវិលត្រឡប់មកប្រទេសកំណើតវិញក្នុងពេលដ៏ខ្លីនេះ។

សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ។

បញ្ចេញមតិ
អត្ថបទទាក់ទង