ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ឈរនៅលំដាប់លេខរៀងទី១ ទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ ចូលមកលេងក្នុងខេត្ដកំពត

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទីលានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ស្ថិតនៅលំដាប់ទី១ ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរចូលលេងកម្សាន្ដក្នុងខេត្ដកំពតច្រើនជាងគេ ខណៈដែលបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ឈរនៅលំដាប់លេខរៀងទី២ ដែលទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ នេះបើតាមការឱ្យដឹងពីលោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

លោក គឹម ប៊ុនថន បានឱ្យដឹងថា បើទោះបីជា ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក មិនទាន់បានសម្ពោធជាផ្លូវការក្តី ក៏ទីនេះគឺជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពតនាឱកាសបុណ្យចូលឆ្នាំនេះ។

លោក គឹម ប៊ុនថន បានបញ្ជាក់ថា ក្នុងចំណោមទេសចរជិត ១លាន ៤សែននាក់ដែលបានចូលមកកម្សាន្តនៅខេត្តកំពត នាពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ក្រុងកំពតទទួលភ្ញៀវបានជាង ១លាន ២សែននាក់។ កន្លែងកម្សាន្ដនៅក្រុងកំពតមាន២កន្លែងដែលទាក់ទាញ គឺរង្វង់មូលទុរេន និងបរិវេណរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក។ ចំពោះវត្តមានភ្ញៀវកើនឡើងនៅទីតាំងតំបន់ត្រជាក់រង្វង់មូលទុរេន មានតែវេលារសៀលស្របពេលដែលពិធីបាញ់ទឹករាំលេងកម្សាន្តដំណើរការប៉ុណ្ណោះ។ ប៉ុន្តែនៅបរិវេណរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺកុះករទាំងព្រឹក រសៀល និងយប់ គឺមានតាំងពីមុនថ្ងៃចូលឆ្នាំម្ល៉េះ។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍គឺរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតទទួលភ្ញៀវទេសចរបាន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយនៅទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ក្រុងកំពត មានចំនួន ១.២៤៥.៤២២នាក់ ចំណែកឯនៅតាមរមណីយដ្ឋាននានាមានចំនួន ១៥៤.៩៥៣នាក់៕

បញ្ចេញមតិ
អត្ថបទទាក់ទង