សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ដែលបានសហការរៀបចំនិងការពារសន្តិសុខ សណ្តាប់ធ្នាប់ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋដើរលេងកំសាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើសារថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ទាំងក្នុងនិងក្រៅប្រទេស ដែលបានសហការរៀបចំនិងការពារសន្តិសុខ សណ្តាប់ធ្នាប់ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋដើរលេងកំសាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ!
ខាងក្រោមនេះ គឺជាសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។
ជាមួយគ្នានេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ និងភ្ញុៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ។ កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ខ្ញុំ សូមប្រគេនពរដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជូនពរដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តីជោគជ័យគ្រប់ប្រការ ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ ដែលមិនមែនជាពុទ្ធសាសនិកជន នៅពរជ័យសិរីសួស្ដី ជ័យជម្នះគ្រប់ប្រការ កុំបីអាក់ខានឡើយ ។ សូមធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព ។