មន្ទីរបរិស្ថានខេត្តកំពង់ធំ ច្រានចោលការផ្សាយព័ត៌មានមិនពិត ជុំវិញករណីបទល្មើសកាប់បំផ្លាញឈើនិងការទន្រ្ទានដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំ

ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មាន1POST ក្រោមចំណងជើងថា «បទល្មើសកាប់បំផ្លាញឈើ និងការទន្រ្ទានដីព្រៃកើតឡើងឥតល្ហែ» នៅក្នុងដែនជម្រកសត្វព្រៃឡង់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤រួចមក មន្ទីរបរិស្ថានខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការផ្សាយព័ត៌មាននោះ ដោយបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ និងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានទទួលលទ្ធផលជាបន្តបន្ទាប់ និងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ព្រមទាំងបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តជាច្រើនករណី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា ការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់ថា ព្រៃសហគមន៍ក្បាលខ្លា និងព្រៃសហគមន៍ក្បាលអូរធ្នង់ មានការកាប់រានទន្រ្ទានយកដី គឺមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តខេត្តកំពង់ធំ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តនោះទេ។ ជាមួយគ្នានេះ ក្រុមបណ្តាញសហគមន៍ព្រៃឡង់មួយក្តាប់តូចនេះ បានបង្កើតឡើងដោយពុំមានច្បាប់ត្រឹមត្រូវ និងធ្វើសកម្មភាពវិទ្ធង្សនា ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ផ្នែកធនធានធម្មជាតិដោយមានការគាំទ្រជំនួយថវិកាពីអង្គការនៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ក្រុមបណ្តាញសហគមន៍ព្រៃឡង់នេះ ពុំបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីអង្គការសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។

សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានសង្កត់ធ្ងន់ថា ការចុះផ្សាយរបស់សារព័ត៌មាន1POST គឺមិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវធ្វើឱ្យមានការភាន់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្រ្តីជំនាញ គ្រប់ស្ថាប័ន ដែលបានខិតខំបំពេញការងារចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងពេលថ្ងៃ និងពេលយប់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិកន្លងមក៕

បញ្ចេញមតិ
អត្ថបទទាក់ទង