វិនិយោគិតជប៉ុនជាច្រើនរូប មកសិក្សាឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិការ និងជំរុញការធ្វើពាណិជ្ជកម្ម
វិនិយោគិនជប៉ុនជាច្រើនរូប ដឹកនាំដោយលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងបំណងចង់បណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិការ និងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនៃការចូលជួបសម្ដែងការគួរសមនេះដែរ លោកអភិបាលក្រុង Asakuchi បានណែនាំ ផលិតផលសក្តានុពលសំខាន់ៗនៃទីក្រុង Asakuchi ខេត្ត Okayama ប្រទេសជប៉ុនរួមមាន ស្រា មី និងវិស័យនេសាទសមុទ្រ (អយស្ទ័រ) ក្នុងគោលបំណងទទួលអនុសាសន៍ណែនាំពីលោកជំទាវ រដ្ឋមន្រ្តី ពិនិត្យពីផលិតផលសក្តានុពលទាំងនេះ។
ទន្ទឹមនឹងនេះ លោក Yasuhiko KURIYAMA ក៏បានលើកឡើងពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យាមកកាន់កម្ពុជា សម្រាប់ធ្វើការកែច្នៃផលិតក្នុងស្រុកប្រកបដោយគុណភាព និងមានស្តង់ដារខ្ពស់ដូចប្រទេសជប៉ុន។ បន្ថែមលើនេះ លោក Kazunori KATO ក៏បានណែនាំសមាសភាពក្រុមហ៊ុនជប៉ុន ដែលកំពុងបណ្តាក់ទុន និងមានបំណងចង់បណ្តាក់ទុននៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូទីក្រុង Asakuchi និងបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលក្រុង ដែលមានបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការផលិតស្រា និងគុយទាវអ៊ូដុងដែលផលិតចេញពីអង្ករ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើ លោកអភិបាលក្រុង Asakuchi ឱ្យលើកទឹកចិត្តវិនិយោគិនពីទីក្រុង Asakuchi មកកម្ពុជាដើម្បីវិនិយោគលើផលិតផលសក្ដានុពលរបស់កម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន និងនាំចេញទៅប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក៕