សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ លោក អ៊ុំ សំអាន មិនហ៊ានផង តើរំពឹងអ្វីលើរឿងព្រំដែនទាំងមូលដែលធ្លាប់លើក?

ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈបណ្ដាញសង្គម បានផ្ញើសារជាថ្មីម្តហទៀត ជុំវិញការអញ្ជើញលោក អ៊ុំ សំអាន និងក្រុមការងារជាលើកទីបី ដើម្បីនាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកកាន់ប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាខ្លឹមសាររបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដូចតទៅ៖

មកដល់ពេលនេះគឺរយៈពេល៤ថ្ងៃហើយដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់និងក្រុមជំនាញព្រំដែនរបស់គាត់អោយនាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅត្រង់មកជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើងចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ 

ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ដើម្បីខ្មែរឈ្នះ។ល។ 

ហើយចុងក្រោយនេះឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយមកដាក់ជាលក្ខខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលហាក់ដូចជាលក្ខខណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ជើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផងតើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។ 

នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩៕

អត្ថបទទាក់ទង